តម្លៃដីធ្លីនៅជុំវិញគម្រោងព្រលានយន្ដហោះថ្មីកើនឡើងជាង200%
រាជធានីភ្នំពេញ ៖ បន្ទាប់រាជរដ្ឋាភិបាលប្រកាសពីការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ បានធ្វើឲ្យតម្លៃដីធ្លីនៅតំបន់នោះដែលពីមុនមិនមានសកម្មភាពសោះ ស្ទុះឡើងជាបន្ដបន្ទាប់ ។ បើតាមមន្ត្រីអាជ្ញាធរមូលដ្ឋានបានអះអាងថា ដីធី្លដែលស្ថិតនៅជិតគម្រោងមួយនេះឡើងជាង២០០% បើធៀបនឹងពេលមិនទាន់ប្រកាសពីគម្រោងនេះច្បាស់លាស់ ។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងថា បន្ទាប់ពីគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ បានប្រកាសពីទីតាំងធ្វើឲ្យដីធ្លីដែលពីមុនមិនសូវមានតម្លៃ បានហក់ឡើងយ៉ាងគំហុក ប៉ុន្ដែក្រោយមក ក៏ស្ងាត់សកម្មភាពវិញបន្ដិច ។
ថ្លែងតាមទូរស័ព្ទកាលពីថ្ងៃទី២៣ កុម្ភៈ កន្លងមក លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានឲ្យដឹងថា ៖« តាមដែលយើងពិនិត្យមើល ដីធ្លីនៅជុំវិញគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនេះ តំបន់ដែលនៅឆ្ងាយពីគម្រោងបន្ដិច ពីមុនថ្លៃ៤ដុល្លារ តែឥឡូវឡើងដល់៧ដុល្លារក្នុង១ម៉ែត្រការ៉េ។ ចំណែកដីធ្លីនៅជាប់គម្រោងវិញ តម្លៃដីពីមុនចន្លោះពី៧ទៅ១០ដុល្លារ ឡើងដល់២៥ទៅ៣០ដុល្លារក្នុង១ម៉ែត្រការ៉េ ទៅតាមទំហំ និងស្ថានភាពឌី ពោលគឺឡើងថ្លៃជាង២០០%»។
យោងតាមលិខិតទីស្ដីការគណៈរដ្ឋមន្ត្រីជម្រាបជូនលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោករដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចុះថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៧ បានបញ្ជាក់ពីកម្មវត្ថុសុំគោលការណ៍អនុញ្ញាតបង្កើតក្រុមហ៊ុន «ខេមបូឌា អ៊ែរផត អុិនវេសមិន ខូអិលធីឌី (Cambodia Airport Investment Co., Ltd) ជាក្រុមហ៊ុនដៃគូវិនិយោគរវាងវិស័យសាធារណៈ និងឯកជន(PPP) ដោយយោងតាមលិខិតលេខ១៣៨ រ.ល.អ.ស ចុះថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៧ និងចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី១៤ ធ្នូ ឆ្នាំ២០១៧ ។ ក្នុងនោះរាជរដ្ឋាភិបាលបានឯកភាពបង្កើតក្រុមហ៊ុនខាងលើ ក្នុងគោលបំណងអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្តរជាតិលំដាប់4F ដែលមានទីតាំងនៅក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅលើទំហំដីចំនួន២.៦០០ហិកតា ក្រោមទុនវិនិយោគសរុប១.៥០០លានដុល្លារ ដែលបានមកពីកម្ចីធនាគារបរទេស១.១០០លានដុល្លារ, កម្ចីពីភាគទុន OCIC ២៨០លានដុល្លារ និងដើមទុនចុះបញ្ជី១២០លានដុល្លារ។ ក្នុងនោះក្រុមហ៊ុន OCIC មាន៩០% និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងរាជរដ្ឋាភិបាលកម្ពុជាមាន១០% ។
គម្រោងសាងសង់ព្រលានយន្ដហោះអន្តរជាតិនេះ បើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានបញ្ជាក់កន្លងមកថា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ នៅតំបន់វាលបឹងកំផ្លោកដ៏ធំមួយ (ហៅបឹងរៀន) ដែលស្ថិតក្នុងរង្វង់ផ្លូវក្រវាត់ក្រុងទី៣នាពេលអនាគត បើសិនជាគិតពីកន្ទុយផ្លូវ៦០ម៉ែត្រ គឺទីតាំងព្រលានយន្តហោះថ្មីនេះ មានចម្ងាយប្រមាណ៩គីឡូម៉ែត្រប៉ុណ្ណោះ ។
លោក លឹម ចាន់សូភី ប្រធានមន្ទីររូបនេះបន្ដថា គម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះ បូករួមទាំងការសាងសង់ផ្លូវក្រវាត់ក្រុងផង បានធ្វើឲ្យតម្លៃដីឡើងថ្លៃច្រើនដង បើធៀបនឹងគ្រាមិនទាន់មានគម្រោងនេះកើតឡើង ។ យ៉ាងនេះក្ដី ក្រោយពីមានសកម្មភាពទិញ-លក់ខ្លាំងបានមួយរយៈ តំបន់នេះហាក់មានភាពស្ងប់ស្ងាត់ជាងពេលមុនបន្តិចវិញ។
លោកបានអះអាងថា ៖« នៅ១សប្តាហ៍ចុងក្រោយនេះ តាមការសង្កេត ការទិញ-លក់ដីធ្លីនៅតំបន់ខាងលើហាក់ដូចស្ងាត់សកម្មភាព ដោយសារអាជីវករទិញ-លក់ដីកំពុងស្វែងរកមើលចំណុច ឬទីតាំងមានសក្តានុពល » ។
នាយកក្រុមហ៊ុន Century 21 បានមើលឃើញស្រដៀងគ្នាថា ជាទូទៅ ដីធ្លីឡើងថ្លៃ ឬមានសកម្មភាពទិញ-លក់ច្រើន នៅពេលគម្រោងមួយលេចជារូបរាងច្បាស់លាស់ ។ ចំណែកគម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះ បានធ្វើឲ្យប្រជាកសិករដែលមានដីច្រើនហិកតា ក្លាយជាអ្នកមានដោយពុំដឹងខ្លួន ដោយសារតម្លៃលក់បានថ្លៃជាងពេលកន្លងមក ។
លោក វ៉ា វីរៈ នាយកក្រុមហ៊ុន Century 21 បានថ្លែងថា ៖« ជាទូទៅ តម្លៃអចលនទ្រព្យទាំងអស់ នៅពេលទើបតែប្រកាសពីគម្រោងណាមួយក្នុងដំណាក់កាលដំបូង នឹងមានអ្នកសួរនាំចង់ដឹងច្រើន ពេលនោះហើយតម្លៃដីនឹងឡើង ប៉ុន្តែបានមួយរយៈក្រោយមក វានឹងស្ងាត់ ឬអាចធ្លាក់ចុះបន្តិចវិញ ។ ទោះបីយ៉ាងនេះក្ដី តម្លៃនឹងប្រែប្រួលម្ដងទៀត នៅពេលប្រកាសពីផែនការមេ និងមានសកម្មភាពបើកការដ្ឋានជាក់លាក់ » ។
លោកបន្តថា គម្រោងសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិថ្មីមួយនេះ ផ្តល់អត្ថប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធ មានទាំងក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនផ្តល់សេវាអចលនទ្រព្យ មេធាវី អ្នករត់ប្លង់ ជាពិសេសប្រជាកសិករដែលមានដីធ្លីនៅចំកន្លែងច្រើនហិកតា នឹងក្លាយជាអ្នកមានដោយពុំដឹងខ្លួន ដោយសារតម្លៃដីធ្លីឡើងថ្លៃខ្ពស់ ។
បើទោះបីសព្វថ្ងៃនេះ តម្លៃដីធ្លីនៅក្បែរគម្រោងនេះឡើងថ្លៃខ្ពស់ តែនៅថ្ងៃអនាគត បើតាមប្រធានមន្ទីរសុរិយោដីខេត្តកណ្តាល យល់ឃើញថា នៅពេលព្រលានយន្តហោះដំណើរការ តម្លៃដីអាចនឹងថយចុះវិញ ដោយសារការធ្វើអាជីវកម្ម និងរស់នៅជុំវិញព្រលាន គេមិនសូវចង់រស់នៅទេ ព្រោះថ្លង់សំឡេងយន្តហោះ។ លោកបន្ដថា ៖ «ម្យ៉ាងទៀត នៅជិតព្រលានមានការហាមឃាត់មិនឱ្យសាងសង់សំណង់ខ្ពស់ៗដូចនេះនៅពេលគម្រោងព្រលានយន្តហោះដំណើរការ តម្លៃដីអាចនឹងនៅទ្រឹងវិញ » ។
គម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញអន្តរជាតិនេះ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដែលបានមកទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១១ មករា កន្លងមក ៕
Join The Discussion